ការចូលរួមធ្វើការងារសង្គម មានជាអាទិដូចជាការស្ម័គ្រចិត្ត ការផ្តល់នូវអំណោយផ្សេងៗ ឬការរៀបចំជាគម្រោងសកម្មភាពផ្តល់សេវាដើម្បីសហគមន៍ ជាដើម គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ សាមគ្គីភាព និងភាពរឹងមាំនៃសង្គមមួយ ដោយវាជាទង្វើដ៏ប្រពៃដែលអាចជួយដោះស្រាយបញ្ហា និងសម្រួលដល់សុកមាលភាពសហគមន៍ និងសង្គម។ សព្វថ្ងៃនេះ បើទោះបីការចូលរួមរបស់ប្រជាជនខ្មែទូទៅនៅក្នុងសកម្មភាពទ្រទ្រង់សហគមន៍នៅមានកម្រិតនៅឡើយ តែយើងសង្កេតឃើញថាសម្រាប់យុវជន និងសហគ្រាសអាជីវកម្មមូយចំនួន គឺមានការយល់ដឹង និងចូលរួមកាន់តែច្រើនក្នុងសកម្មភាពទ្រទ្រង់សហគមន៍ ឬដែលយើងពេញនិយមហៅថា “ការងារសង្គម” (ឬ CSR – Corporate Social Responsibility សម្រាប់វិស័យឯកជន)។ ថ្វីបើការចូលរួម “ការងារសង្គម” ជាទូទៅផុសចេញពីបំណងល្អ ឬទឹកចិត្តសប្បុរសក្តី ប៉ុន្តែវាក៏អាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានផងដែរប្រសិនបើអ្នកមិនដឹង ឬមិនបានពិចារណារយ៉ាងម៉ត់ចត់អំពីហានិភ័យដែលអាចមាន។ ថ្ងៃនេះ Giversify នឹងណែនាំអ្នកមកស្វែងយល់ពី សកម្មភាព ០៣ប្រភេទ ដែលអ្នកគូរចៀសវាង ពេលអ្នកបម្រុងនឹងធ្វើអំពើល្អមួយក្នុងសង្គម។
ទី១៖ ការឲ្យទានទៅកុមារនៅតាមដងផ្លូវ
កុមារសុំទានតាមដងផ្លូវ ឬទីប្រជុំជនគឺជាទិដ្ឋភាពសមញ្ញមួយនៅប្រទេសកម្ពុជា ប៉ុន្តែអ្នកប្រហែលមិនដឹងទេថាការឲ្យទានទៅកុមារអាចរួមចំណែកទៅនឹងបញ្ហាប្រឈមជាច្រើនដល់កុមារ ដូចជា អំពើហឹង្សា ការកេងប្រវ័ញ្ចពលកម្ម ឬអាចឈានដល់អាយុជីវិតរបស់កុមារទៀតផង។ ដោយសារប្រជាជនខ្មែរយើងភាគច្រើនបំផុតកាន់ពុទ្ធសាសនា ដែលលើកទឹកចិត្តលើការដាក់ទានដើម្បីសាងបុណ្យកុសល្យ ឬជាការជួយសម្រួលដល់កុមារតូចៗទាំងនោះ ប៉ុន្តែភាគច្រើនពួកគាត់មិនដឹងទេថា កុមារមួយចំនួនដែលយើងឃើញគាត់ដើរសុំទានតាមផ្លូវ ឬតាមស្តុបនានា គឺអាចត្រូវបានជនខិលខូចប្រើប្រាស់ បោកប្រាស់ ឬត្រូវបានបង្ខំឲ្យដើរសុំទាន ដែលមានកុមារខ្លះនៅជាទារកនៅឡើយ ឧទាហរណ៍ដូចជា ករណីនេះ ជាដើម។
ក្នុងករណីនេះ ការឲ្យទានទៅ កុមារមានន័យថាយើងអាចនឹងកំពុងរួមចំណែកបង្កើតផល់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខមាលភាព និងអនាគតរបស់កុមារទាំងនោះ។ ដូច្នេះប្រសិនអ្នកមានគម្រោងចែកជាប្រាក់ ឬសម្ភារៈផ្សេងៗដល់កុមារសុំទានតាមដងផ្លូវ ជាផ្នែកនៃ “ការងារសង្គម” របស់អ្នក សូមអ្នកគិតឡើងវិញ។
ទី២៖ ការផ្តល់នូវសេវាដល់សហគមន៍ដោយមិនបានសិក្សាពីតម្រូវការពួកគាត់ជាមុន
ប្រសិនបើការជួយត្រូវបានធ្វើឡើងដោយមិនមានការសិក្សាពីតម្រូវការពិតប្រាកដរបស់សហគមន៍ជាមុន នោះវាអាចជាការចាប់ផ្តើមបង្កើតនូវបញ្ហាថ្មីទៅវិញ។ ការបរិច្ចាគជាអំណោយផ្សេងៗដល់កុមារក្តី ឬសហគមន៍ក្រីក្រ មិនថាជាម្ភារៈសិក្សា ខោអាវចាស់ៗ សៀវភៅចាស់ៗ ។ល។ គឺជាសកម្មភាពល្អ និងពេញនិយម ប៉ុន្តែសម្ភារៈទាំងនោះវាក៏អាចក្លាយទៅជាគំនរសម្រាមអត់ប្រយោជន៍ផងដែរប្រសិនបើសម្ភារៈទាំងអស់នោះមិនបានសម្រួលដល់សេចក្តីត្រូវការជាក់ស្តែងរបស់ពួកគេ ជាពិសេសគឺនាំឲ្យ ខ្ជះខ្ជាយធនធាន និងថវិការឥតប្រយោជន៍។
ឧទាហរណ៍ថា អ្នកមានគ្នាមួយក្រុម ប្រមូលសៀវភៅចាស់ដែលសុទ្ធសឹងជាសៀវភៅមនុស្សពេញវ័យ ឬប្រើប្រាស់ភាសារបរទេស បន្ទាប់មកក៏យកទៅចែកដល់កុមារក្នុងភូមិដាច់ស្រយាលមួយដែលមានអត្រាអក្ខរកម្មទាប ច្បាស់ណាស់ថាអ្នកភូមិប្រហែលជានឹងយកសៀវភៅទាំងអស់នោះទៅបង្កាត់ភ្លើងបាយសម្លគាត់មិនខាន។ នេះមិនមែនមានន័យថា ការបរិច្ចាគសៀវភៅ ឬអាហារក្តី គឺវាខុសនោះទេ តែអ្វីដែលសំខាន់នោះគឺថាតើវាឆ្លើយទៅនឹងសំនួរ “តើលុយ សម្ភារៈ ពេលវេលា ដែលអ្នកបានចំណាយនោះវាបានរួមចំណែកដោះស្រាយតម្រូវការ ឬបញ្ហាពិតរប្រាកដរបស់សហគមន៍គោលដៅនោះ និងប្រកបដោយចីរភាពឬអត់?” អ្នកគួស្វែងរកចម្លើយនេះជាមុនតាមរយៈការការសួរនិងស្តាប់ពីមតិរបស់សហគមន៍គោលដៅ ឬដៃគូរពាក់ព័ន្ធ ដើម្បីធានាពីប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃសេវារបស់អ្នកព្រោះថាមូលហេតុចម្បងនៃការងារសង្គមគឺដើម្បីឧត្តមប្រយោជន៍របស់សហគមន៍គោលដៅ មិនមែនដើម្បីឲ្យខ្លួនឯងសប្បាយចិត្តទេ ឬមានរូបថតបង្ហោះទេ។
ទី៣៖ ការផ្តល់សេវាដោយគ្មានជំនាញវិជ្ជាជីវៈ
ការផ្តល់សេវាដោយគ្មានជំនាញគឺជាកត្តាត្រូវជៀសវាងដាច់ខាង ព្រោះវាអាចបង្កផលប៉ះពាល់ដល់ដែលនឹកស្មានមិនដល់ចំពោះអ្នកទទួលសេវា។ អ្នកគួរយល់ថា បញ្ហានៅក្នុងសហគមន៍ភាគច្រើនមានភាពស្មុគ្រស្មាញណាស់ ហើយត្រូវការការប្តេជ្ញាចិត្តនិងពេលវេលាយូរអង្វែងដើម្បីអន្តរាគមន៍ ជាពិសេសតម្រូវឲ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ ការផ្តល់សេវាសុខាភិបាល អប់រំ ផ្លូវច្បាប់ បញ្ហាផ្លូវចិត្ត អំពើហឹង្សា គ្រឿងញៀន។ល។ ត្រូវការបុគ្គលិកអាជីព ឬអ្នកដែលទទួល បានការបណ្តុះបណ្តាល គ្រប់គ្រាន់ ដូចជាគ្រូពេទ្យ អ្នកសង្គមកិច្ច មេធាវី គ្រូបង្រៀន ។ល។ ដែលមានជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងមានរចនាសម្ព័ន្ធប្រតិបត្តិការណ៍ត្រឹមត្រូវ ទើបអាចផ្តល់សេវាសង្គមទាំងនេះបាន។ ក្នុងករណីដែលអ្នកពុំមានជំនាញ អ្នកគប្បីស្វែងរកការគាំទ្រពីអ្នកដែលមានជំនាញ ឬព្យាយាមសម្របសម្រួលដើម្បីជួយក្រុមគោលដៅឲ្យទទួលបាននូវសេវាពីអ្នកជំនាញវិញ ទើបជាការប្រសើរ។ ដូច្នេះ មិនថាពេលអ្នកធ្វើការងារស្ម័គ្រចិត្ត ឬក្នុងស្ថានភាពជាក់ស្តែងណាមួយក្តី ចាំបាច់ត្រូវដឹងពីព្រំដែនវិជ្ជាជីវៈ ជៀសវាងបង្កនូវផលប៉ះពាល់ណាមួយដោយអចេតនា។
ជាចុងក្រោយ ពួកយើងសូមលើកទឹកចិត្តដល់យុវជន និងអាជីវកម្មសហគ្រាសនៅកម្ពុជាចូលរួមក្នុងការធ្វើអំពើល្អ ការងារសង្គមបន្តទៀត ហើយសង្ឃឹមថាអត្ថបទនេះបានផ្តល់នូវគន្លឹះខ្លះដើម្បីជួយអ្នកឲ្យអាច ចូលរួមធ្វើការងារសង្គម ប្រកបដោយប្រសិទ្ធិភាព និងទំនួលខុសត្រូវ។